ក្រុមហ៊ុនអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជាថាខ្លួននឹងបង្កើនបរិមាណផលិតចេកស្រស់ឲ្យបាន៥ពាន់តោនក្នុងឆ្នាំ២០២០

20

ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជា ហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) នឹងបង្កើនបរិមាណផលិតកម្ម ចេកស្រស់ ឲ្យកើនឡើងដល់៥០០ពាន់តោន ក្នុងឆ្នាំ២០២០ ខណៈបច្ចប្បន្នក្រុមហ៊ុននេះ ក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរនៅកម្ពុជា ដែលមានសមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ។

ការលើកឡើងនេះ ត្រូវបានក្រុមហ៊ុន ប្រកាសនៅក្នុង ជំនួបពិភាក្សាការងារ ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុន សម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ រវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Doan Nyuyen Duc តាំងនាមឲ្យក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ។

ក្នុងឱកាសនោះក្រុមហ៊ុន បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង៧ពាន់ហិកតា ក្នុងនោះជាង៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង៤០០លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន៨ ដែលបានចែកចេញជា២ ស្តង់ដាគឺចិន និងជប៉ុន។ល។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់។

ក្រុមហ៊ុនក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរ ដែលមានសមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ ហើយក្នុងឆ្នាំ២០២០នេះ ក្រុមហ៊ុននឹងបង្កើន បរិមាណផលិតកម្មចេកស្រស់ឲ្យកើនឡើងដល់៥០០ពាន់តោន និងបន្តជំរុញការដាំដុះកែច្នៃ និងនាំចេញដំណាំមួយចំនួនទៀតដូចជាស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកបន្ថែមទៀត។ ដូច្នេះតាមរយៈឯកឧត្តមរដ្ឋមន្ត្រី លោកសូមស្នើដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធជួយទាកទាញកំលាំងពលកម្ម ទាំងពលករដែលបានចំណាក់ស្រុកហើយ និងពលករដែលកំពុងនៅក្នុងស្រុកមកធ្វើការនៅក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៥ ដែលកំពុងប្រទះនូវបញ្ហាកង្វះខាតពលកម្ម។ មួយវិញទៀត ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគផងដែរ ដោយសំដៅទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមគោ យកសាច់ចំនួន ៥ពាន់ក្បាល ដើម្បីរួមចំណែកក្នុងការជំរុញកំណើន នៃការចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសនាំចេញនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ និងបញ្ហាប្រឈម រហូតដល់សម្រេចបានសមិទ្ធផលដ៏សំខាន់ៗជាច្រើន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព និងនិរន្តរភាព។

ភ្ជាប់ទៅនឹងការវិនិយោគនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ ក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយលេខាធិការដ្ឋាន ដីសម្បទានសេដ្ឋកិច្ច នូវរាល់ការងារបំពេញបែបបទ ដែលនៅសេសសល់ និងជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ដើម្បីបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភា៕