មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា

18

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាមនុស្សជាង ១០០ នាក់បានស្លាប់នៅពេលដែលកម្លាំងសន្តិសុខរបស់ប្រទេសបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នានៅថ្ងៃទិវាប្រារព្ធកងកម្លាំងប្រដាប់អាវុធ។

ពិធីមួយនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅរដ្ឋធានីណៃពិដោដើម្បីប្រារព្ធទិវារំលឹកការចងចាំសម្រាប់យោធាមីយ៉ាន់ម៉ា។

មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយ Min Aung Hlaing បានថ្លែងសុន្ទរកថានិយាយដោះសារពីការធ្វើរដ្ឋប្រហារកាលពីខែមុន។ លោកបាននិយាយថាយោធាកំពុងខិតខំធ្វើការដើម្បីប្រយោជន៍ជាតិនិងប្រជាជនរបស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុមអ្នកតវ៉ាបានឆ្លើយតបនឹងការអំពាវនាវឱ្យមានការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសចំពេលប្រារព្ធពិធីនេះ។ ពួកគេបានប្រមូលផ្ដុំគ្នានៅទីក្រុងធំជាងគេគឺយ៉ងហ្គោន ទីក្រុងធំទី ២ គឺម៉ាន់ដាឡេនិងគ្រប់ទីកន្លែងផ្សេងទៀតនៅក្នុងប្រទេស។

សេវាកម្មព័ត៌មានតាមអ៊ីនធឺណេតមីយ៉ាន់ម៉ារាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ១១៤ នាក់ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍តែមួយថ្ងៃ នៅពេលដែលកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារជាច្រើនដង។ ចំនួននេះត្រូវបានគេជឿជាក់ថាមានចំនួនច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា។

ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក៏បានរាយការណ៍អំពីករណីកុមារដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខទោះបីជាពួកគេមិនបានចូលរួមក្នុងការតវ៉ាក៏ដោយ។ ពួកគេរួមមានក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ដែលបានស្លាប់បន្ទាប់ពីត្រូវគេបាញ់ចំក្បាលខណៈពេលដែលគាត់កំពុងលេងនៅជុំវិញផ្ទះរបស់គាត់។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា “ ទាំងនេះមិនមែនជាសកម្មភាពរបស់យោធាអាជីពឬកម្លាំងប៉ូលិសទេ។”

ស្ថានទូតអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ាក៏បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីថ្កោលទោសការបាញ់សម្លាប់របស់កងកម្លាំងសន្តិសុខទៅលើជនស៊ីវិល៕