នាយករដ្ឋមន្រ្តីហ៊ុន សែន៖ រីករាយការផ្ដួចផ្ដើមបើកចរាចរណ៍ផ្លូវទឹកពីតាខ្មៅទៅព្រែកព្នៅ

79
រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ឡើងថា​លោក​សាទរ​ចំពោះការ​ផ្តួចផ្តើម​ឲ្យបង្កើត​​នូវការ​​ធ្វើដំណើរ​​តាម​ផ្លូវទឹក ពីទីក្រុងតាខ្មៅ ទៅព្រែព្នៅ ដោយលោក​ថាដើម្បីកាត់​បន្ថយការកកស្ទះ​ចរាចរណ៍។

នេះបើតាមការលើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះព្រឹកនេះ ខណៈដែល​លោកកំពុង​​ជួប​​​​សំណេះ​សំណាល​​ជាមួយអ្នក​ម៉ូតូឌុប អ្នកតាក់ស៊ី ​និង អ្នករត់ម៉ូតូកង់បី ប្រមាណជាង ៤ពាន់នាក់នៅកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើម​បង្កើត​នូវ​ការ​ធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញ​ទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ»។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងដែរថាការបើកដំណើរការចរាចរណ៍ផ្លូវទឹក​នេះ​គឺបានបង្ហាញពីការ​រីក​​ចម្រើន​លើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ផង​ដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់ ប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ៕